023 880 222 cambodiare@cambodiare.com.kh

ម៉ោងធ្វើការ: ច័ន្ទ – សុក្រ 8:00 – 17:00

ពិធីចុះហត្ថលេខាលើ កិច្ចព្រមព្រៀងទិញ‑លក់ ភាគហ៊ុន និង លក្ខន្តិកៈ របស់ក្រុមហ៊ុនធានារ៉ាប់រងបន្តកម្ពុជា “កម្ពុជារី”

ព្រហស្បតិ៍ 4 កុម្ភៈ 2021 | ដំណឺង និងព្រឹត្តិការណ៍

នារសៀលថ្ងៃព្រហស្បតិ៍ ១០រោច ខែជេស្ន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវរត្ថុ មានរៀបចំពិធីចុះហត្ថលេខាលើ កិច្ចព្រមព្រៀងទិញ-លក់ភាគហ៊ុន និងលក្ខន្តិកៈ របស់ក្រុមហ៊ុនធានារ៉ាប់រងបន្តកម្ពុជា “កម្ពុជារី” ក្រោមអធិបតីភាពរបស់ ​លោកជំទាវ ងួន សុខា រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ពិធីចុះហត្ថលេខានេះ ធ្វើឡើងរវាងម្ចាស់ភាគហ៊ុនសាធារណៈ តំណាងដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងម្ចាស់ភាគហ៊ុនឯកជន៣ផ្សេងទៀត តំណាងដោយ ក្រុមហ៊ុន Asian Insurance International (Holding), ក្រុមហ៊ុន Forte Investment Holding Co., Ltd និង ក្រុមហ៊ុន សុវណ្ណាភូមិ ឡាយហ្វ៍ អឹសួរិនស៍។

មានមតិក្នុងពិធីចុះហត្ថលេខានោះ ឯកឧត្តម រស់ សីលវ៉ា អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជាអណត្តគាហកៈរបស់ម្ចាស់ភាគសាធារណៈ និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន កម្ពុជារី​ បានមាន​ប្រសាសន៍​ថា​ “ការពង្រឹង និងពង្រីកធុរកិច្ចរបស់ក្រុមហ៊ុន កម្ពុជា រី ដែលជាក្រុមហ៊ុនធានារ៉ាប់រងបន្តរបស់ជាតិ ប្រកបដោយចិរភាព មានសារៈសំខាន់យ៉ាងខ្លាំង ដើម្បីឲ្យក្រុមហ៊ុននេះបន្តតួនាទីជាយុទ្ធសាស្ត្ររយៈពេលវែង សម្រាប់គាំទ្រដល់ការអភិវឌ្ឍឧស្សាហកម្មធានារ៉ាប់រង និងសេដ្ឋកិច្ចនៅកម្ពុជា”។

ជាមួយគ្នានេះដែរ ម្ចាស់ភាគហ៊ុនឯកជនទាំងបី ក៏បានសម្តែងនូវការប្តេជ្ងាចិត្តយ៉ាងមុតមាំក្នុងការគាំទ្រលើកស្ទួយក្រុមហ៊ុន កម្ពុជារី ឲ្យកាន់តែរីកចម្រើន ដើម្បីឲ្យក្រុមហ៊ុននេះ ដើរតួកាន់តែសំខាន់ក្នុងការចូលរួមចំណែកក្នុងការអភិវឌ្ឈវិស័យធានារ៉ាបរងនៅកម្ពុជា កាន់តែមានប្រសិទ្ធិភាព ។
ថ្លែង​អបអរសារទរក្នុងពិធីចុះហត្ថលេខា​នេះ​ ​លោកជំទាវ ងួន សុខា បានសម្តែងនូវមោទនភាព និង សេចក្តីរីករាយ ដែលម្ចាស់ភាគហ៊ុនឯកជន បានផ្តល់ជំនឿទុកចិត្តមកលើក្រុមហ៊ុន កម្ពុជារី ក៏ដូចជាជំនឿទុកចិត្តលើសក្តានុពលនៃទីផ្សារធានារ៉ាប់រង និងធានារ៉ាប់រងបន្ត នៅកម្ពុជា។ លោកជំទាវបានមានប្រសាសន៍ថា ​ ​“ចាប់តាំងពីការចាប់ផ្តើមប្រតិបត្តិការដំបូងរហូតមកដល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុន កម្ពុជារី បានដើរតួនាទីដ៏សំខាន់ ក្នុងការរួមចំណែកដល់ការកាត់បន្ថយលំហូរមូលធនទៅក្រៅប្រទេស តាមរយៈការផ្តល់សមត្ថភាពរក្សាទុកហានិភ័យធានារ៉ាប់រង ដល់ក្រុមហ៊ុនធានារ៉ាប់រងក្នុងស្រុកទាំងអស់ ជាពិសេសក្រុមហ៊ុនធានារ៉ាប់​រងទូទៅ។ តាមរយៈវត្តមានរយៈពេលវែងរបស់ខ្លួននៅក្នុងទីផ្សារនេះ ក្រុមហ៊ុន កម្ពុជារី បានបង្គនូវចំណេះដឹង​យ៉ាងច្រើនអំពីប្រវត្តិនៃហានិភ័យនៅក្នុងទីផ្សារធានារ៉ាប់រងនៅកម្ពុជា ដែលនេះជាព័ត៌មានស្ថិតិដ៏មានសារៈសំខាន់សម្រាប់ក្រុមហ៊ុនធានារ៉ាប់រង ប្រើប្រាស់ក្នុងប្រតិបត្តិការរបស់ខ្លួន ដូចជា ការកំណត់ថ្លៃបានត្រឹមត្រូវជាងមុន ការវិភាគនិងទទួលហានិភ័យបានត្រឹមត្រូវជាងមុន និងមានប្រយោជន៍សម្រាប់អភិវឌ្ឍន៍ផលិតផលថ្មីផងដែរ។