សិក្ខាសាលាស្តីពី “មូលដ្ឋានគ្រឹះនៃការធានារ៉ាប់រងភារៈទទួលខុសត្រូវ”
នៅថ្ងៃចន្ទ ទី១៧ ខែមិនា ឆ្នាំ២០២៥ ដោយមានកិច្ចសហការជាមួយក្រុមហ៊ុន Asia Reinsurance Broker (ARB) ដែលមានមូលដ្ឋាននៅទីក្រុងឡាបួន ប្រទេសម៉ាឡេស៊ី, ក្រុមហ៊ុន កម្ពុជា រី បានរៀបចំសិក្ខាសាលាស្តីពី មូលដ្ឋានគ្រឹះនៃការធានារ៉ាប់រងភារៈទទួលខុសត្រូវ។ សិក្ខាសាលានេះត្រូវធ្វើឡើងក្រោមគំនិតផ្តួចផ្តើមមួយក្នុងចំណោមគំនិតផ្តួចផ្តើមនានា ដែលក្រុមហ៊ុន កម្ពុជា រី រៀបចំក្នុងគោលបំណងដើម្បីលើកកម្ពស់ជំនាញបច្ចេកទេស និងចំណេះដឹងជាក់ស្តែងនៅក្នុងវិស័យធានារ៉ាប់រង។
ក្នុងពេលដែលសេដ្ឋកិច្ចបន្តមានការរីកធំធាត់, ធុរកិច្ច អ្នកប្រកបរបរជំនាញវិជ្ជាជីវៈ និងស្ថាប័ននានាកាន់តែច្រើន ប្រឈមនឹងហានិភ័យផ្នែកច្បាប់និងហានិភ័យហិរញ្ញវត្ថុ។ ជាមួយនឹងការវិវឌ្ឍនៃវិស័យធានារ៉ាប់រង ការយល់ដឹងឱ្យបានស៊ីជម្រៅអំពីវិសាលភាពនៃភារៈទទួលខុសត្រូវ គឺជាការចាំបាច់ដើម្បីគ្រប់គ្រងស្ថានភាពហានិភ័យដ៏ស្មុគស្មាញនាពេលបច្ចុប្បន្ន។
សិក្ខាសាលាថ្ងៃនេះ បាននាំមកនូវព័ត៌មានដ៏មានប្រយោជន៍អំពីគោលការណ៍ ការអនុវត្ត និងឧត្តមានុវត្ត នៃ ការធានារ៉ាប់រងភារៈទទួលខុសត្រូវ សម្រាប់បម្រើឱ្យគោលដៅនៃការវិភាគនិងវាយតម្លៃហានិភ័យ និងការពិចារណាលើទិដ្ឋភាពសំណង។ លោក Roy Sharma នាយកគ្រប់គ្រងនៃក្រុមហ៊ុន ARB ដែលជាវាគ្មិនដ៏មានបទពិសោធន៍ ក៏បានចែករំលែកជូនសិក្ខាសាលាផងដែរ នូវកាលានុវត្តភាព និងបញ្ហាប្រឈមនានានៃផលិតផលធានារ៉ាប់រងប្រភេទនេះផ្អែកលើនិន្នាការនៃទីផ្សារក្នុងតំបន់និងសាកលលោក។